ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការពុទ្ធបរិស័ទ បានអញ្ជើញចូលរួម និងនិមន្តព្រះសង្ឃរាប់បាត្រចំនួន ៣៧៥អង្គ ជាកិច្ចឆ្លងនៃពិធីបុណ្យមាឃបូជា
នៅព្រឹកថ្ងៃព្រហស្បតិ៍១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការពុទ្ធបរិស័ទ បានអញ្ជើញចូលរួម និងនិមន្តព្រះសង្ឃរាប់បាត្រចំនួន ៣៧៥អង្គ ជាកិច្ចឆ្លងនៃពិធីបុណ្យមាឃបូជា។ កម្មវិធីបុណ្យបានប្រព្រឹត្តទៅ នៅសួនច្បារប្រសាទដើមពោធិ៍ ស្ថិតនៅក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។
បុណ្យមាឃបូជាជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទក្នុងពិភពលោក ក៏ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង រមែងបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។ ដោយឡែក ឆ្នាំនេះរដ្ឋបាលខេត្តកំពត បានប្រារព្ធធ្វើឡើងចាប់ផ្ដើមនៅរសៀលពុធ ១៥ កើត ខែ មាឃ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ និងបានឆ្លងនៃពិធីបុណ្យ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
បុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតក្នុងព្រះពុទ្ធសាសនា ដោយឡែកនៅកម្ពុជាយើងពិធីបុណ្យមាឃបូជា នេះទៀតសោត តែងតែបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចម្បងគឺសម្រាប់រំលឹកដល់ថ្ងៃមហាមង្គលទាំងពីរ នៃព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង ដែលទ្រង់ប្រជុំ ចតុរង្គសន្និបាតនិងប្រកាសបាក់ជន្មាយុសង្ខារ។
ព្រះរាជាណាចក្រកម្ពុជា មានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជា តែងតែបានជំរុញលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនថ្កុំថ្កើនរុងរឿងដូចសព្វថ្ងៃនេះ។












No comments